សាច់បាក់យ៉ុង ឬសាច់ជ្រូកផាត់

សាច់ជ្រូកផាត់ អាចធ្វើជាអាហារបរិភោគលេង ពេលអផ្សុក ទទួលទានជាមួយបបរស។ជួនកាល គេអាចដាក់ជាស្នូលនំបុ័ង សម្រាប់ខ្ចប់យកទៅកន្លែងធ្វើការ សម្រាប់បរិភោគពេលព្រឹក ឬ ថ្ងៃត្រង់ជាដើម។

គ្រឿងផ្សំ

  • សាច់ជ្រូក(សាច់សុទ្ធ)
  • ស្ករ
  • ទឹកត្រី
  • អំបិល
  • ប៉ូចកាក់
  • ម្រេចម៉ត់
  • ទឹក

វិធីធ្វើ

  1. ដាំទឹកមួយឆ្នាំងអោយពុះ។
  2. យកសាច់ជ្រូក សាច់សុទ្ធ (ពុំមានខ្លាញ់ ឬ ស្បែក) ទៅលាងទឹកអោយស្អាត កាត់ជាបន្ទះៗ ហើយដាក់ស្រុះនៅក្នុងទឹកពុះនោះ។
  3. ស្រង់សាច់ជ្រូកចុះ លាងទឹកត្រជាក់ អោយស្អាត ហើយកាត់ចេញជាដុំតូចៗ ប៉ុនមេដៃ រួចយកទុកមួយអន្លើ។
  4. ដាក់ស្ករស ឬ ស្ករត្នោត រំងាស់អោយឡើងក្រហម ចេញជើងអង្ក្រង ទើបចាក់ទឹកត្រី អំបិល ប៉ូចកាក់២-៣មើម និង ម្រេចបុកចូល កូរអោយសព្វ។
  5. ចាក់សាច់ជ្រូកឆ្អិននោះចូល កូរអោយសព្វចូលជាមួយគ្រឿងហើយ ទើបចាក់ទឹកចូល រំងាស់អោយផុយសាច់ ហើយអោយស្ងួតទឹកខ អស់ពីបាតឆ្នាំង។ បើសាច់នៅរឹង មិនទាន់ផុយ សូមថែមទឹករំងាស់ថែមទៀត។ សូមភ្លក្សថែមថយគ្រឿង តាមចំណូលចិត្ត។
  6. នៅពេលខផុយសាច់ហើយ សូមស្រង់សាច់ជ្រូកដែលនៅក្នុង ខស្ងួតហើយនោះ យកទៅបុកអោយម៉ដ្ឋខៃ។
  7. យកសាច់ជ្រូកខ ដែលបុកបានហើយ ទៅរំលីងម្តងទៀត នៅក្នុងខ្ទះ ក្នុងកំដៅក្តៅឧណ្ហៗ ប្រហែល 150-200F រហូតដល់ស្ងួតដាក់ទឹកអស់ ទើបដួសច្រកកែវ ចំហមាត់ អោយសាច់ជ្រូកបុក ចុះត្រជាក់សិន ទើបគ្របយកទុក។
Facebook Comments

error: Content is protected !!