Oops! It appears that you have disabled your Javascript. In order for you to see this page as it is meant to appear, we ask that you please re-enable your Javascript!

ធ្វើគីមឈី(Made kimchi)

គីមឈីប្រភេទនេះរាងស្មុគស្មាញបន្តិចតែវាឆ្ងាញ់ហើយស្រួយល្អ

គ្រឿងផ្សំ

  • ស្ពៃបូកគោ
  • ការ៉ុត
  • ឆៃថាវ
  • ផ្លែប៉ោម ឬ ផ្លែសារី ឬ ទាំងពីរមុខក៏បាន
  • ស្លឹកខ្ទឹម
  •  ម្ទេសម៉ដ្ឋ ឬ ម្ទេសក្រហមស្រស់ក៏បាន បើខ្លាចហិលខ្លាំងគួរប្រើម្ទេសធំ។
  • ខ្ទឹមស
  • អំបិល
  • ស្ករ
  • ទឹកស៊ីអ៊ីវ
  • ម្សៅស៊ុប
  • ម្សៅខ្សាយ ឬ បាយស
  •  ម្សៅមីសុជប៉ុន (ម្សៅសៀងជប៉ុន)
  •  ខ្ញី
  • ខ្ទឹមបារាំង ឬ ខ្ទឹមក្រហម
  • ផ្សិតក្រៀម (ត្រាំទឹកប្រហែលមួយម៉ោង)
  •  សារ៉ាយសមុទ្រ (ត្រាំទឹកប្រហែលមួយម៉ោង)

របៀបធ្វើ

  1.  ពុះស្ពៃជាបួនដុំវែងៗ លាងទឹកអោយស្អាតតាមធាងនីមួយៗ តែប្រយ័ត្នកុំអោយវាដាច់ពីគ្នា រួចយកវាមកប្រឡាក់អំបិល។ ប្រឡាក់អំបិលអោយសព្វដោយប្រើអំបិលច្រើន។ យើងក៏អាចលាយទឹកអំបិលមុនរួចយកស្ពៃមកដាក់ត្រាំក៏បានដែរ។ ទុកវាចោលប្រហែលពីរទៅបីម៉ោង។
  2. ដាក់ខ្ទឹមបារាំង (បើមិនបរិភោគខ្ទឹមបារាំងទេ មិនបាច់ដាក់ក៏បាន) សារ៉ាយសមុទ្រ ផ្សិត ដាក់ស្ងោររំងាស់ដោយមានបង់អំបិលបន្តិចផង។ ស្ងោរវាអោយមានសល់ទឹកបន្តិច រួចទុកអោយត្រជាក់។
  3. ម្សៅខ្សាយដាក់លាយទឹកហើយស្ងោរវាអោយឆ្អិន (ប្រយ័ត្នកុំអោយខ្លោច) រួចទុកវាអោយត្រជាក់។ បើប្រើបាយមិនបាច់ស្ងោរទេគឺគ្រាន់តែលាយទឹករួចដាក់ចូលម៉ាស៊ីនក្រឡុក។
  4. រៀបចំគ្រឿងក្រឡុក៖ ដាក់ទឹកស៊ុបដែលស្ងោរហើយនោះ (ទាំងកាកក៏បានស្រង់កាកចេញក៏បាន), មីសុ, បាយ ឬ ម្សៅខ្សាយដែលស្ងោរហើយ, ខ្ញី, ខ្ទឹមស (បើមិនបរិភោគខ្ទឹមទេយើងអាចដាក់ឆៃថាវមួយដុំជំនួសបាន), ម្ទេសស្រស់ ឬ ម្ទេសម៉ដ្ឋ, ស្ករ, ម្សៅស៊ុប, ទឹកស៊ីអ៊ីវ និង ផ្លែប៉ោមចូលម៉ាស៊ីនក្រឡុកហើយកិនវាអោយម៉ដ្ឋ (បើពិបាកកិនថែមទឹកបន្តិចតែប្រយ័ត្នកុំអោយរាវពេក។
  5.  ហាន់ការ៉ុត និង ឆៃថាវ ជាសសៃតូចៗ។ ហាន់ស្លឹកខ្ទឹមចាកង់ៗ។ យកទឹកល្បាយដែលកិនហើយមកច្របល់លាយនឹងបន្លែដែលហាន់រួច។
  6. ស្ពៃដែលត្រាំអំបិលហើយប្រហែលពីរទៅបីម៉ោង យកវាមកលាងទឹកអោយអស់ជាតិអំបិល ពូតទឹកចេញអោយស្ងួតរួចយកមកប្រឡាក់គ្រឿង។ បើកស្រទាប់ស្ពៃមួយៗដោយយកគ្រឿងដែលផ្សំហើយមកប៉ាតតាមធាងអោយជោគជាំ។ ដាក់វាក្នុងប្រអប់មួយដោយកុំអោយវាពេញពេកព្រោះពេលវាជូរវាត្រូវការកន្លែងរីកមាឌ។ បិទគម្របវាហើយទុកចោលក្នុងសីតុណ្ហភាពធម្មតាពីរយប់ (បើអាកាសធាតុក្តៅ ទុកមួយយប់បានហើយព្រោះខ្លាចវាជូរជ្រុល)។
  7. ពិនិត្យមើលបន្ទាប់ពីមួយឬពីរយប់ បើជូរល្មមហើយត្រូវរក្សាវាទុកក្នុងទូរទឹកកក។ បើមិនមានទូរទឹកកកទេ ត្រូវប្រើអោយអស់កុំអោយជូរជ្រុល។
  8. បើគីមឈីជូរជ្រុល ញ៉ាំមិនអស់ យើងកុំចោលវាព្រោះយើងអាចយកវាមកធ្វើម្ហូបបានច្រើនមុខទៀតដូចជាស្ងោរជាមួយតៅហ៊ូ, ឆាជាមួយគល់ផ្សិត, ចៀនជាមួយពងមាន់ ឬ ក៏ធ្វើនំចៀនដោយប្រើម្សៅមីជាដើម។ វិធីមួយទៀតគឺបំបែកធាងវាចេញពីគុម្ព រួចតម្រៀបវាដាក់កញ្ច្រែងហាលថ្ងៃ។ ធ្វើរបៀបនេះយើងអាចយកមកធ្វើម្ហូបពេលក្រោយទៀតបាន ជាពិសេសញ៉ាំជាមួយបបរស។
Facebook Comments

error: Content is protected !!